វាជារឿងមួយដែលនៅតែដិតដាមក្នុងអារម្មណ៍របស់ខ្ញុំរហូតមកទល់នឹងសព្វថ្ងៃ បើទោះជាវារំលងមកយូរឆ្នាំហើយក៏ដោយ។ អ្នកក៏ដូចគ្នា! ខ្ញុំជឿថា នៅពេលដែលអ្នកអានរឿងនេះហើយ អ្នកនឹងនៅតែចងចាំជានិច្ច! ហេតុនេះ អ្នកត្រូវតែត្រៀមចិត្តទទួលយកការពិតឱ្យហើយ ជាពិសេសការពិតនៅចុងបញ្ចប់នៃរឿងដ៏រន្ធត់មួយនេះ! តាំងពីដើមដំបូងរឿងនេះតទៅ វានឹងអូសទាញអារម្មណ៍របស់អ្នកឲ្យកាន់តែលង់ជ្រៅទៅៗ ទៅក្នុងដំណើររឿងដ៏គួរឲ្យព្រឺព្រួចមួយ ដែលនឹកស្មានមិនដល់...
[...] ជាន់ទីបី ផ្ទះថ្មី ដែលខ្ញុំទើបរើមកនៅ។ នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ខ្ញុំ ចាប់តាំងពីថ្ងៃដំបូង ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តទាល់តែសោះ ព្រោះយប់ណាក៏ខ្ញុំឮសំឡេងយំថ្ងួចថ្ងូរល្វើយៗគួរឱ្យព្រឺព្រួច ក្បែរបង្អួចបន្ទប់របស់ខ្ញុំដែរ។
យប់មួយ ពេលដែលខ្ញុំហៀបនឹងដេកលក់ ស្រាប់តែខ្ញុំរមាស់មុខ រួចក៏យកដៃស្ទាបអេះអង្អែលត្រង់កន្លែងនោះ ស្រាប់តែជាប់សរសៃសក់មួយសរសៃដ៏វែងអន្លាយមកតាមដៃ វាជាសក់របស់មនុស្សស្រីយ៉ាងច្បាស់ ព្រោះវាវែងណាស់ គឺវែងរហូតដល់ធ្វើឱ្យខ្ញុំកើតចិត្តសង្ស័យភ្លាមៗឡើង រួចក៏ភិតភ័យ មិនស្រណុកក្នុងចិត្តទាល់តែសោះ ដោយសារមើលសរសៃសក់នោះយូរៗទៅគួរឱ្យញញើតពេក។ បន្ទាប់ពីឃើញសរសៃសក់នោះហើយ ខ្ញុំដេកមិនលក់សោះ ខ្ញុំចេះតែមានអារម្មណ៍មិនអស់ចិត្ត ស្រៀវស្រើប រសាប់រសល់ ភិតភ័យយ៉ាងមិចមិនដឹងទេ... ព្រោះមុនពេលខ្ញុំចូលមកនៅក្នុងបន្ទប់នេះ ខ្ញុំបានបោសសម្អាតវាស្អាតណាស់ ដោយគ្មានបន្សល់សូម្បីកម្ទេចធូលីមួយផង... ចុះហេតុអ្វីបានជាមានសរសៃសក់មនុស្សស្រីដ៏វែងអន្លាយគួរឱ្យខ្លាចបែបនេះក្នុងបន្ទប់ខ្ញុំ? មែនហើយ! វាពិតជាគួរឱ្យញញើតខ្លាំងណាស់! ពេលនោះ ខ្ញុំក៏ប្រញាប់យកសរសៃសក់ដ៏វែងអន្លាយគួរឱ្យខ្លាចនោះ ទៅបោះចោលតាមបង្អួចយ៉ាងលឿន តែវារឹតតែធ្វើឱ្យខ្ញុំកាន់តែស្រៀវស្រើបព្រឺព្រួចបន្ថែមទៀត ព្រោះសំឡេងថ្ងួចថ្ងូរល្វើយក្បែរបង្អួចខ្ញុំនោះ នៅតែបន្តបន្លឺឡើងល្វើយៗ និងថែមទាំងកាន់តែឮខ្លាំងឡើងៗទៀតផង តែមិនដឹងថាបន្លឺចេញពីត្រង់ណាឱ្យប្រាកដឡើយ ជាហេតុធ្វើឱ្យខ្ញុំភ័យដល់ដេកមិនលក់ទល់ភ្លឺតែម្ដង។
មេឃភ្លឺព្រឹកឡើង ខ្ញុំមិនហ៊ានប្រាប់នរណាម្នាក់ក្នុងផ្ទះទេ ព្រោះខ្លាចមិនជឿ និងនាំភិតភ័យដូចខ្ញុំដែរ ដោយសុខចិត្តលាក់រឿងដ៏គួរឱ្យស្រៀវស្រើបនេះទុកក្នុងចិត្តតែម្នាក់ឯង និងអធិដ្ឋានក្នុងចិត្តកុំឱ្យវាកើតឡើងម្ដងទៀតចំពោះខ្ញុំ ពេលដេកយប់ទៀត។ តែអ្វីៗមិនដូចការចង់បានរបស់ខ្ញុំនោះទេ អ្វីដែលខ្ញុំខ្លាច អ្វីដែលខ្ញុំមិនចង់ជួបបំផុតនោះ ក៏បានកើតឡើងសាជាថ្មីចំពោះខ្ញុំទៀត ព្រោះប្រហែលម៉ោងបួនទាបភ្លឺនៅយប់បន្ទាប់នោះ សរសៃសក់ដ៏វែងអន្លាយគួរឱ្យខ្លាចបែបនេះ ក៏ហោះមកជាប់នឹងមុខរបស់ខ្ញុំម្ដងទៀត តាមកម្លាំងខ្យល់កង្ហាចាស់ដែលបក់ឮសូរង៉េតង៉តៗក្នុងបន្ទប់ខ្ញុំ និងថែមទាំងមានដល់ទៅពីរសរសៃទៀតផង។ តើអ្នកដឹងទេ? សរសៃសក់នោះវាវែងខ្លាំងណាស់ គឺវែងហួសពីការស្មាន... វាមិនមែនជាសក់របស់ខ្ញុំទេព្រោះខ្ញុំជាប្រុស វាច្បាស់ណាស់ថា នេះជាសក់របស់មនុស្សស្រី ជាសក់ដ៏វែងអន្លាយគួរឱ្យខ្លាចរអែង... ធ្វើឱ្យខ្ញុំកាន់តែភ័យរន្ធត់លើសដើម ភិតភ័យឡើងព្រឺសម្បុរ បាស់សលក់ជ្រោងតែម្ដង... និងឧទានក្នុងចិត្តតែម្នាក់ឯងថា “គុណម្ចាស់អើយ! ជួយអាត្មាផង!” ...
ពេលនោះ បេះដូងខ្ញុំស្ទើរតែលោតចេញក្រៅទ្រូងទៅហើយ ព្រោះភិយពេក ត្បិតមិនដែលឃើញសក់អីក៏វែងម្លឹងៗទេ... មិនដឹងថាសក់អីក៏វែងដល់ថ្នាក់នេះទេពិតជាស្រៀវឆ្អឹងខ្នងណាស់??? តែខ្ញុំដឹងយ៉ាងច្បាស់ថា វាជាសរសៃសក់របស់មនុស្សស្រី ជាសរសៃសក់ដ៏ខ្មៅរលោងហើយវែងៗ ដែលមិនគួរឱ្យចង់គយគន់ទាល់តែសោះ។ កាន់តែពិនិត្យ ចិត្តខ្ញុំកាន់តែញ័រញាក់ ឬបេះដូងវិញរឹតតែលោតឌុកឌាក់ៗស្ទើរធ្លាយទ្រូងចេញមកក្រៅ។ ខណៈនោះ ខ្ញុំចាប់ផ្ដើមបែកញើសប៉ុនៗគ្រាប់ពោត ហើយអារម្មណ៍ខ្ញុំកាន់តែភ័យខ្លាចខ្លាំងទៅៗ ព្រោះមុនពេលខ្ញុំដេក ខ្ញុំបានពិនិត្យហើយពិនិត្យទៀតគ្មានឃើញមានសសៃសក់វែងៗបែបនេះទៀតនោះទេ... ចុះហេតុអីបានជាវាចេះតែមានក្នុងបន្ទប់ខ្ញុំរហូតអ៊ីចឹង? តើសរសៃសក់ដ៏គួរឱ្យខ្លាចនេះហោះមកពីណា? នេះបញ្ជាក់ឱ្យឃើញថា វាកំពុងតែមានរឿងអាក្រក់អ្វីមួយកើតឡើងចំពោះខ្ញុំហើយ... ទន្ទឹមនឹងនោះ សំឡេងថ្ងួចថ្ងូរល្វើយៗដ៏គួរឱ្យព្រឺព្រួចក្បែរបង្អួចបន្ទប់ខ្ញុំនោះ ក៏កាន់តែឮខ្លាំងឡើងៗ យ៉ាងគ្រលួចគួរឱ្យស្រៀវស្រើបបំផុត...
“ជួយខ្ញុំផង... ជួយខ្ញុំផង! ខ្ញុំពិតជាភ័យខ្លាំងណាស់! ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងណាទេ!” ខ្ញុំដេកមិនលក់សោះ តែខ្ញុំមិនហ៊ានបើកភ្នែកក្រឡេកមើលក្បែរខ្លួនខ្ញុំឡើយ ព្រោះខ្ញុំចេះតែព្រឺសម្បុរត្រជាក់ចុងដៃចុងជើងស្រៀវៗដូចជាមាននរណាម្នាក់កំពុងដេកក្បែរខ្ញុំយ៉ាងមិចមិនដឹងទេ! តែខ្ញុំបានត្រឹមតែឧទានក្នុងចិត្តម្នាក់ឯងបន្តទៀត “ជួយខ្ញុំផង! ជួយខ្ញុំផង! ខ្ញុំគាំងបេះដូងស្លាប់ឥឡូវហើយ! ខ្ញុំពិតជាមិនហ៊ានបើកភ្នែកមើលទេ! ព្រោះខ្ញុំខ្លាច ខ្លាចពេលបើកមើលទៅឃើញអ្វីមួយដែលខ្ញុំមិនចង់ឃើញ ហើយមិនអាចទទួលយកបាន ដែលអាចធ្វើឱ្យខ្ញុំគាំងបេះដូងស្លាប់បាន ដោយសារមុខមាត់ដ៏គួរឱ្យខ្លាចរបស់ម្ចាស់សក់ដ៏វែងអន្លាយខ្មៅរលើបរលោងនោះ។
សរសេរឱ្យអ្នកអានដល់ត្រង់នេះ ខ្ញុំក៏នៅតែមិនទាន់ភ្លេចពីហេតុការណ៍នៅឡើយទេ ហើយខ្ញុំសង្ឃឹមថា ក្រោយពេលអ្នកបានដឹងពីសាច់រឿងនៅទីបញ្ចប់ហើយ អ្នកនឹងធ្វើចិត្តបាន ព្រោះវាក៏អាចធ្វើឱ្យអ្នកគាំងដូចជារូបខ្ញុំផងដែរ។ ហើយដំណើរហេតុជាបន្តទៅនេះ វាគឺជាអ្វីដែលខ្ញុំចង់បង្ហាញឱ្យអ្នកបានដឹងបំផុត ថាខ្ញុំនឹងបានជួបប្រទះនូវរឿងអ្វីដែលពាក់ព័ន្ធនឹងសសៃសក់ដ៏ខ្មៅរលោងវែអអន្លាយគួរឱ្យរអែងនេះ? ហើយក៏សូមទោសអ្នកទាំងអស់គ្នាផងដែរ ប្រសិនបើខ្ញុំធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ព្រឺព្រួចក្នុងការតាមដានអានសាច់រឿងមួយនេះរបស់ខ្ញុំបន្តទៀត។ តើអ្នកមានដឹងថាមានរឿងអ្វីកើតឡើងចំពោះខ្ញុំនៅយប់បន្ទាប់ទៀតទេ? វាពិតជារឿងដ៏រន្ធត់បំផុត! គឺរន្ធត់រហូតដល់ខ្ញុំចាំបាច់ត្រូវតែយករឿងនេះប្រកាសប្រាប់ឱ្យពិភពលោកបានដឹងបានឮទាំងអស់គ្នា ជាពិសេសអ្នកកំពុងអានទាំងបុកពោះនេះតែម្ដងៗ... ព្រោះវាជារឿងមួយដែលស្ដែងខ្លាំងណាស់! គឺស្ដែងហួងនឹងថ្លែងវាចា ដែលមិននឹកស្មានថា ម្ចាស់សក់ស្ដែងឱ្យខ្ញុំឃើញស្រស់ៗផ្ទាល់នឹងភ្នែកបែបនេះសោះ។ ហេតុនេះ សូមតាមដានសាច់រឿងបន្តជាមួយខ្ញុំ ដូចតទៅ...
នៅយប់ចុងក្រោយដែលបញ្ចប់នូវចម្ងល់ដ៏គួរឱ្យភ័យខ្លាចរបស់ខ្ញុំ ពិតជាធ្វើឱ្យខ្ញុំរន្ធត់ភ្ញាក់ផ្អើលឥតឧបមា ព្រោះថាខ្ញុំបានឃើញផ្ទាល់ភ្នែក គឺផ្ទាល់ភ្នែកទាំងគូរបស់ខ្ញុំពីម្ចាស់សក់... វាជាយប់ដែលលាតត្រដាងពីការពិតគ្រប់យ៉ាង ការពិតដែលមិននឹកស្មានដល់ និងពិបាកទទួលយកបំផុត... វាជារាត្រីដ៏គួរឱ្យ ស្រៀវស្រើបព្រឺព្រួចមួយ ដែលខ្ញុំមិនអាចបំភ្លេចបានក្នុងជីវិតរហូតមកទល់នឹងពេលនេះ ទោះជាវារំលងទៅជិតដប់ឆ្នាំហើយក៏ដោយ... តើខ្ញុំបានឃើញអ្វីទៅ? ចង់ដឹងណាស់មែនទេ? ដូចនេះ! សូមអ្នកតាំងចិត្តអានបន្តទៀតចុះ ព្រោះខាងក្រោមនេះគឺជាអ្វីដែលអ្នកចង់ដឹងបំផុតហើយ...
យប់នោះ ខ្ញុំដេកលក់តាំងពីក្បាលព្រលប់ ព្រោះល្វើយពេកដោយសារមិនបានដេកជាប់គ្នាអស់ពីរថ្ងៃដោយសារភ័យពេក។ ណាមួយដោយខ្ញុំស្ងប់ចិត្ត ព្រោះមុនដេកពិនិត្យឃើញថាមិនឃើញមានសរសៃសក់ដ៏វែងអន្លាយគួរឱ្យខ្លាចនោះទៀត ខ្ញុំក៏ដេកលង់លក់យ៉ាងស្រួលបាត់ទៅ... តែនរណាទៅដឹងថាវាកាន់តែអាក្រក់លើសដើមនោះ...
រាត្រីនោះ មិនដឹងយ៉ាងមិច ប្រហែលម៉ោងដប់ពីររំលងអាធ្រាត្រចូលមកដល់បន្តិច ក្រោមស្បៃរាត្រីក៏ងងឹតសូន្យសុង ស្រាប់តែមានខ្យល់បក់ចុះយ៉ាងខ្លាំងឮសូរវូៗគួរឱ្យខ្លាច ឯសំឡេងយំថ្ងួចថ្ងូរគួរឱ្យស្រៀវស្រើប ដែលតែងតែបន្លឺឡើងខាងក្រៅក្បែរបន្ទប់ខ្ញុំនោះ ក៏បន្លឺឡើងឮល្វើយៗទន្ទឹមគ្នានឹងខ្យល់បក់ផងដែរ និងថែមទាំងឮខ្លាំងឡើងៗយ៉ាងចម្លែកជាងសព្វដងផងដែរ រហូតដល់ធ្វើឱ្យខ្ញុំបើកភ្នែកភ្ញាក់ក្រញាងឡើងទាំងមមីមមើល៍។ ឱព្រះជាម្ចាស់អើយ! តើអ្នកទាំងអស់គ្នាមានដឹងថាខ្ញុំបានឃើញអ្វីទេនៅពេលនោះ? ខ្ញុំឃើញផ្ទាល់ភ្នែកក្បែរខ្លួនខ្ញុំបង្កើយ គឺនារីវ័យក្មេងដ៏ស្រឡូនម្នាក់ ដែលមានមុខសស្គុះ សក់ខ្មៅវែងអន្លាយ ភ្នែកធំៗក្រឡោតដូចភ្នែកឡាន កំពុងតែឈរងាកមើលមកខ្ញុំ សើចស្ញេញបញ្ចេញធ្មេញសស្ញាញមួយគ្រាប់ៗប៉ុនផ្លែចប ធ្វើឱ្យខ្ញុំភ័យស្ទើរលោះព្រលឹង ស្រែកចង់បែកបន្ទប់ ផ្អើលអស់សមាជិកគ្រួសារក្នុងផ្ទះឆោឡោពេញហ្នឹង ប្រញាប់រត់មកមើលខ្ញុំដល់បន្ទប់... នរណាមិនភ័យលោកអើយលោក បើនៅសុខៗបើកភ្នែកឡើងស្រាប់តែឃើញរូបភាពដ៏គួរឱ្យរន្ធត់បែបនេះនោះ?...
ពុទ្ធោអើយ! តើនេះឬជាម្ចាស់សក់ដ៏វែងអន្លាយគួរឱ្យរអែងដែលតែងតែហោះមកជាប់មុខខ្ញុំប៉ុន្មានយប់កន្លងមកនេះ? តាមពិតជាក្មួយស្រីខ្ញុំសោះ មិនមែនជាខ្មោចស្រីកូរ៉េ មុខស ភ្នែកមួយ សក់វែងអូសដី ដ៏សែនអាក្រក់អាក្រី ដូចអ្វីដែលខ្ញុំគិតស្រមៃប៉ុន្មានថ្ងៃកន្លងមកនេះឡើយ។ ហើយការដែលមុខរបស់នាងសស្គុះនោះ ក៏ព្រោះតែនាងលាបម្សៅមុនចូលដេកនោះឯង។ នាងឈ្មោះ “ចរិយា” ហៅ “ក្រឡោត” ដោយពេញមួយភូមិនៅស្រុក នរណាៗក៏ហៅនាងបែបនេះដែរ ព្រោះនាងមានភ្នែកធំៗលានដូចភ្នែកឡាន ចូលចិត្តទុកសក់វែងព្រោះស្រឡាញ់សក់! ឯធ្មេញរបស់នាងវិញធំៗណាស់ មួយគ្រាប់ៗស្ទើរប៉ុនផ្លែចបឯណោះ។ នាងទើបតែឡើងមកនៅភ្នំពេញ ហើយសុំម្ដាយខ្ញុំស្នាក់នៅ ដោយឡើងមកនៅបានប៉ុន្មានថ្ងៃហើយ គឺតាំងពីថ្ងៃដំបូងដែលខ្ញុំចូលមកនៅផ្ទះថ្មីនេះឯង។ តែដោយនាងរវល់ទៅរៀនបាត់ៗ និងឆ្លៀតធ្វើការជាអ្នករត់តុនៅភោជនីយ៍ដ្ឋានពេលរាត្រីមួយកន្លែងទៀតនោះ ខ្ញុំក៏មិនទាន់បានជួបនាងឡើយ ព្រោះចេះតែជ្រួសគ្នារហូត។ តាមពិតទៅក្រឡោតក្មួយស្រីខ្ញុំ នាងបានចូលមកលួចលាបខ្សៅ និងសិតសក់នៅក្នុងបន្ទប់របស់ខ្ញុំ អស់ប៉ុន្មានយប់មកហើយ បន្ទាប់ពីនាងមកពីធ្វើការវេនយប់របស់នាង ព្រោះនៅក្នុងបន្ទប់របស់ខ្ញុំមានកញ្ចក់ធំមួយផ្ទាំង ដែលអាចឱ្យនាងមើលឃើញរូបរាងខ្លួននាងមួយជំហរខ្លួនបាន... ឯសំឡេងយំថ្ងួចថ្ងូរល្វើយៗដ៏សែនស្រៀវស្រើបដែលតែងតែថ្ងួចថ្ងូរក្បែរបន្ទប់ខ្ញុំរាល់យប់នោះ ក៏មិនមែនជាសំឡេងមនុស្សយំឬខ្មោចព្រាយបិសាចអ្វីដែរ គ្រាន់តែវាជាសំឡេងថ្ងួចថ្ងូរបែបស្រណុកសុខស្រួលរបស់ឆ្មារញីឈ្មោលមួយគូ ដែលតែងតែណាត់គ្នាមករួមសង្វាសលើដំបូលផ្ទះអ្នកដទៃ ក្បែរបន្ទប់ខ្ញុំប៉ុណ្ណោះ។
រឿងមានតែប៉ុណ្ណឹងឯង! គ្មានខ្មោច! គ្មានស្អីទេ... សាច់រឿងគឺចប់ហើយ ចប់ដោយបរិបូរណ៍ ចប់ដោយគ្មានវាចា! ហើយក៏សូមអរគុណអ្នកកំពុងអានផងដែរ ដែលបានចំណាយពេលដ៏មានតម្លៃរបស់ខ្លួនខំប្រឹងតាមដានអានរឿងដ៏គួរឱ្យព្រឺព្រួចមួយនេះ ទាំងភិតភ័យ ញ័រញ៉ាក់ ទទ្រាក់ទទ្រើត ប្រហោងពោះធ្លុង តាំងពីដើមរហូតដល់ចប់ ទាំងដែលរំពឹងថា ម្ចាស់សសៃសក់ដ៏វែងអន្លាយគួរឱ្យរអែងនោះ ច្បាស់ជាខ្មោចស្រីដ៏គួរឱ្យខ្លាចយ៉ាងប្រាកដ... តែតាមពិត មិនមែនទេ! គឺគ្រាន់តែក្មួយស្រីខ្ញុំប៉ុណ្ណោះ! សូមទោស! ខ្ញុំពិតជាសូមទោសពិតមែន! ហាសហា!... ៕
និពន្ធ និងរក្សាសិទ្ធិដោយ ៖ គង់ រង្សី (អ្នកនិពន្ធកម្ពុជា) / KongRaingsy.com
សូមអរគុណអ្នកដែលបានចំណាយពេលវេលាដ៏មានតម្លៃអានស្នាដៃនិពន្ធរបស់ខ្ញុំមួយនេះ។ អ្នកអាចបញ្ចេញចំណាប់អារម្មណ៍របស់អ្នកបានដោយសេរី ទាក់ទងនឹងស្នាដៃដែលអ្នកទើបតែបានអាននេះ ក៏ដូចជាមតិយោបល់ផ្សេងៗទៀតរបស់អ្នកក្នុងនាមជាប្រិយមិត្តអ្នកអានមួយរូបរបស់ខ្ញុំ។ ហើយខ្ញុំក៏សូមអរគុណផងដែរ បើមតិរបស់អ្នកធ្វើឡើងក្នុងន័យស្ថាបនា ដោយប្រើពាក្យពេចន៍ប្រកបដោយសីលធម៌ ក្នុងនាមជាជនរួមជាតិខ្មែរដូចគ្នា។ មតិយោបល់ទាំងអស់របស់អ្នក ខ្ញុំបាទនឹងរីករាយទទួលយកដោយក្ដីពេញចិត្តបំផុត។ ដោយក្ដីគោរពយ៉ាងជ្រាលជ្រៅពីខ្ញុំបាទ គង់ រង្សី (អ្នកនិពន្ធកម្ពុជា)។ សូមអរគុណ៕